បែកគំនិតបង្កើត Original Song រវាងលោក ជុំ លីណូ និង តូនី

          បន្ទាប់ពី​ជោគជ័យ​នៅក្នុង​ការផលិត​កម្មបទ​ចម្រៀង Original មក កាន់តែ​ធ្វើឱ្យ​លោក
 ជុំ លី​ណូ មាន​ទំនុប​ចិត្ត​លើ​ខ្លួន ឯង​ និង ​ខិតខំ​ប្រឹងប្រែង​ផលិត​បទ​ចម្រៀងផ្ទាល់ខ្លួន​ដើម្បី​បម្រើអារម្មណ៍​ទស្សនិកជន ។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ជាងនេះទៅទៀត​នោះ​គឺ​ប៉ុន្មាន​ម៉ោង​មុននេះលោក ជុំ លី​ណូ បាន​បង្ហោះ​បទ​ចម្រៀង​ថ្មី​មួយ​របស់ខ្លួនដែល​បាន​ចាប់​ដៃគូ​ថ្មី​ជាមួយ​កូន​ខ្មែរ​នៅ​ប្រទេសកាណាដា ដែលមាន​ឈ្មោះ​ល្បីល្បាញ​ក្នុង​បណ្តាញ​សង្គម គឺ​លោក កែវ តូ​នី ក្នុង​បទ​ម​ច្រៀង​មួយ​ដែលមានចំណងជើង​ថា «​ជូនពរ​អូន​បាន​សុខ​នឹង​គេ» ។




       ជុំ លី​ណូ កាន់តែ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ទស្សនិកជនបន្ទាប់ពី​ចេញទៅ​នៅ​ទ្រនុំ​ថ្មី ហើយ​ថែមទាំង​បានចេញ​បទ​ចម្រៀង Original ជាច្រើន ។ សម្រាប់​បទ​ចម្រៀង​ថ្មី​ដែលមាន​ចំណងជើង​ថា «ជូនពរ​អូន​បាន​សុខ​នឹង​គេ» គឺជា​ស្នាដៃ​និពន្ធ​ថ្មី​របស់លោក កែវ តូ​នី ដែលជា​កូន​ខ្មែរ​រស់នៅ​ប្រទេស​កាណាដា និង ​មានឈ្មោះ​បោះ​សម្លេង​ដែលមាន​បងប្អូន​ខ្មែរ​​ជាច្រើន​គាំទ្រ ។ ក្រោយពី​បានចេញ​បទ​ចម្រៀង​នេះ​មក​គឺមាន​ចំនួន​អ្នក​ចូល​មើល ​និង ​អ្នក Like ហើយ Share យ៉ាងច្រើនរហូត​ធ្វើឱ្យ ជុំ លី​ណូ សង្ឃឹម​យ៉ាងខ្លាំង​ក្លា​ថា ការចាប់​ដៃគូ​ថ្មី​របស់ខ្លួន​ជាមួយ​លោក កែវ តូ​នី ពិតជា​ផ្ទុះ​ខ្លាំង​នៅក្នុង​ឆ្នាំ​ ២០១៧​ នេះ ។​



     លោក ជុំ លី​ណូ បាន​និយាយថា តាមរយៈ​បទ​ចម្រៀង​ដែលមាន​ចំណងជើង​ថា «ជូនពរ​អូន​បាន​សុខ​នឹង​គេ» គឺជា​ស្នាដៃ​ដំបូង​មួយ​ដែល​លោក​បាន​ចាប់ដៃគ្នាច្រៀង​ជាមួយ​លោក កែវ តូ​នី ដែល​បទ​ចម្រៀង​នេះ ​គឺជា​បទ​ចម្រៀង​ថ្មី ស្តា​យ​ខ្មែរ​សុទ្ធសាធ ។ ជំ​ហ៊ាន​ដំបូង​នេះ​ គឺ​យើង​បង្ហាញ​ពីបទ​ចម្រៀង​ជាមុនសិន ចំណែក MV វិញ​យើង​នឹង​ចេញ​នៅពេល​ក្រោយ ដែលមាន​ថត​ពី​សកម្មភាព​នៅ​ប្រទេសកាណាដា និង​ ស្រុក​ខ្មែរ​​រួមគ្នា ។



      ទាំង​លោក ជុំ លី​ណូ ក៏ដូចជា​លោក កែវ តូ​នី ពិតជា​រីករាយ​ណាស់​ដែល​បាន​ចាប់​ដៃគូ​គ្នា​ដើម្បី​ប្រឡូក​ទីផ្សារ​ចម្រៀង​បម្រើអារម្មណ៍​ទស្សនិកជន ហើយ​អ្នក​ទាំងពីរ​ត្រៀម​នឹង​ច្រៀង​បទ​ចម្រៀង Original រួមគ្នា​នៅលើ​ឆាក​ផងដែរ ។



        ​ក្រោយពី​ចេញ​បទ​ចម្រៀង​រួមគ្នា​ជាមួយ​លោក កែវ តូ​នី រួច លោក ជុំ លី​ណូ មាន​បទ​ចម្រៀង Original ជាច្រើន​ទៀត​ដែល​ត្រៀម​នឹង​បង្ហាញ​ទស្សនិកជន​ក្នុងពេល​ឆាប់ៗ​នេះ៕ 

No comments

Powered by Blogger.