ម្ចាស់​បទ​ "លលក​វា​យំ" ចេញ​មក​ប្រតិកម្ម​លើ​បទកំពុង​ផ្ទុះ "លលក​ស្រី​យំ" របស់​សុខ ពិសី-នាយ ចឺម

បទ​ចម្រៀង​​ថ្មី​របស់​ផលិតកម្ម​សាន់ដេ​ដែល​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍មាន​ចំណង​ជើង​ថា "លលក​ស្រី​យំ" នោះ ពេល​នេះ​ពើប​ប្រទះ​នឹង​បញ្ហា ក្រោយ​ពី​ម្ចាស់​បទ​ដើម បាន​ចេញ​មុខ​មក​ប្រតិកម្ម​ខ្លាំង​ៗ ថា​បាន​រំលោភ​សិទ្ធិ​អ្នក​និពន្ធ​របស់​លោក ដោយ​មិន​បាន​សុំ​ការ​អនុញ្ញាតិ​ពី​លោក​ជា​មុន​សោះ។
បទ​​ដើម​មាន​ចំណង​ជើង​ថា "លលក​វា​យំ​" ច្រៀង​ដោយ​អ្នក​ស្រី សូ សាវឿន ហើយ​ថ្មី​ៗ​នេះ ត្រូវ​បាន​ផលិតកម្ម​សាន់ដេ​យក​មក​ផលិត​ឡើង​វិញចេញ​លើ​បណ្ដាញ​សង្គម​ថ្មី​ៗ ដោយ​បាន​ច្នៃ​បទ​ភ្លេង​​ខ្លះ​ៗ បន្ថែម​ចង្វាក់​រ៉េប និង​ដូរ​ចំណង​ជើង​ទៅ​ជា "លលក​ស្រី​យំ" ឲ្យ​តារា​ចម្រៀង សុខ ពិសី និង​នាយ​ចឺម ច្រៀង។
បញ្ហា​នេះ លោក វ៉ែន សុន ដែល​អះអាង​ថា​ជា​អ្នក​និពន្ធ​ទាំង​ទំនុក​ភ្លេង និង​ទំនុក​ច្រៀង​លើ​បទ​ដើម "លលក​វា​យំ" នោះ បាន​ប្រាប់​​ថា លោក​មាន​ការ​ឈឺ​ចាប់​ណាស់។
លោក វ៉ែន​ សុន បាន​សង្កត់​ធ្ងន់​ថា​ នៅ​ពេល​គេ​យក​បទ​ចម្រៀង​របស់​លោក​ទៅ​ថត​សារ​ជា​ថ្មី​ដោយ​គ្មាន​ការ​អនុញ្ញាត គឺ​ជា​ការ​ឈឺ​ចាប់​១​។ ​ប៉ុន្តែ​អ្វី​ដែល​លោក​​ឈឺ​ចាប់​ខ្លាំង​​ជាង​នេះ​ទៀត ការ​យក​បទ​ចម្រៀង "លលក​វាយំ​" មក​កែ​ច្នៃ​ប្ដូរ​ចំណង​ជើង​ "លលកស្រីយំ" ធ្វើ​បទ​ថ្មី​ ដោយ​មិន​គោរព​ច្បាប់​​កម្ម​សិទ្ធ​បញ្ញា។"បើ​សិន​ជា​ពួក​គេ​មិន​គោរព​ច្បាប់​ បាន​អី​ក៏​គេ​គួរ​គោរព​ក្រម​សីលធម៌​នៃ​ការ​ផ្សាយ​ដែរ​"។ លោក វ៉ែន សុន បន្ថែម។
កវី​ជើង​ចាស់​ដដែល បានបន្ត​ទៀត ដោយ​​ប្រដូច​ករណី​នេះ​ ទៅ​នឹង​របប​​ប៉ុល​ពត​​ដែល​បាន​សម្លាប់​អ្នក​និពន្ធ​អស់​ជា​ច្រើន។ ដូច្នេះ​ប្រ​សិន​​បើ​​​សម័យ​នេះ​ មិន​មាន​ការ​គោរព​សិទ្ធិ​អ្នក​និពន្ធ​ដែរ មិន​ខុស​អី​នឹង​ការ​សម្លាប់​​អ្នក​និពន្ធ​ទៀត​ ដូច​របប​អាវ​ខ្មៅ​នោះ​ដែរ។
លោក​ វ៉ែន សុន​ លើក​ឡើង​បែប​នេះ​បន្ទាប់​ពី​ផលិត​កម្ម​សាន់​ដេរ​យក​បទ​ចម្រៀង​ "លលក​វា​យំ" ទៅ​កែ​ចំណង​ជើង​ "លលក​ស្រី​យំ " និង​ទំនុក​ច្រៀង​​សា​រ​ជា​ថ្មី​ ដែល​ច្រៀង​ដោយ​កញ្ញា សុខ ពិសី និង នាយចឺម​ ប៉ុន្តែ​នៅ​ក្នុង​នោះ​មាន​បញ្ជាក់​ថា "មរតក​ដើម"។
ពាក់​ព័ន្ធ​នឹង​ប្រតិកម្មរបស់​​ម្ចាស់​បទ​​ "លលកវាយំ" ជុំវិញ​បទ "លលក​ស្រី​យំ" ដែល​ម្ចាស់​បទ​អះអាង​ថា រំលោភ​លើ​ស្នាដៃ​ខ្លួ​ននេះ ភាគី​ខាង​ផលិត​កម្ម​សាន់​ដេរ​ លោក ឡាយ សុក​ចំរើន ជា​នាយក​ចាត់​ការ​ទូ​ទៅ មិន​ទាន់​ទាច​សុំ​ការ​អធិប្បាយ​ទេ​រសៀល​នេះ ដោយ​ទូស័ព្ទរបស់​លោក ​មិន​អាច​ភ្ជាប់​ការ​ទាក់​ទង​បាន​។

យោង​តាមច្បាប់​សិទ្ធិ​អ្នក​និពន្ធ និង​សិទ្ធិ​ប្រហែល​ដែល​ឡាយ​ព្រះហស្ត​លេខា​ដោយ​អតីត​ព្រះ​មហាវីរៈក្សត្រ សម្ដេច​ព្រះ​នរោត្តម សីហនុ កាល​ពី​ឆ្នាំ ២០០៣ បាន​បរិយាយថា៖ ស្នាដៃ​ទាំង​ឡាយ​ណា​​ដែល​បង្កើត​ឡើង​ដោយ​បុគ្គល​ម្នាក់ ឬ​ច្រើន​នាក់​ដោយ​ប្រើ​គំនិត​ ប្រាជ្ញា បង្កើត​ផលិតផល​ ឬ​ស្នាដៃ​ក្នុងផ្នែក ​អក្សរសាស្ត្រ វិទ្យាសាស្ត្រ សិល្បៈ ឬ​តូរ្យ​តន្ត្រី នឹង​ទទួល​បាន​ការ​គាំពារ​ដោយ​ច្បាប់​ដោយ​ស្វ័យ​ប្រវត្តិ។
ដូច្នេះ​ករណី ស្នាដៃ​ទាំង​នោះ ត្រូវ​បាន​យក​មក​​ប្រើ​ប្រាស់​ក្នុង​អាជីវកម្ម​ក្ដី ឬ​មិន​អាជីវកម្ម​ក្ដី ត្រូវសុំ​ការ​អនុញ្ញាត​​ពី​ម្ចាស់​សិទ្ធិជា​មុនជា​ដាច់​ខាត។ ច្បាប់​ដដែល​ នៅ​បាន​​បរិយាយ​ទៀត​ថា ការ​ប្រើ​ប្រាស់​ស្នាដៃ ត្រូវ​គោរព​តាម​២​ចំណុច​នៃ​ច្បាប់​សិទ្ធិ​អ្នក​និពន្ធ និង​សិទ្ធិប្រហាក់​ប្រហែល គឺ​សិទ្ធិ​បេតិកភណ្ឌ ឬ​សិទ្ធិ​សេដ្ឋកិច្ច និង​ទី​២ គឺ​សិទ្ធិ​សីលធម៌ ចំពោះ​ម្ចាស់​សិទ្ធិ។ ការ​ប្រព្រឹត្ត​ខុស​ពី​នេះ គឺ​ប្រាស​ចាក​ពី​ច្បាប់ ហើយ​ម្ចាស់​សិទ្ធិ​មាន​សិទ្ធិ​ដាក់​ពាក្យ​បណ្ដឹង​ ប្ដឹង​ទារ​សង​ការ​ខូច​ខាត​នានា៕ ប្រភព Sabay

No comments

Powered by Blogger.